ចែករំលែកលទ្ធផលការងារសម្រាប់ថ្ងៃនេះ

តើ​កុំព្យូទ័រ​របស់​អ្នក​ធ្លាប់​គាំង ហើយ​ចេញ​ផ្ទាំង​ខៀវ​ឬ​ទេ? បើ​ធ្លាប់​ តើ​អ្នក​ធ្វើ​យ៉ាង​ម៉េច​ទៅ? ប្រហែល​ចម្លើយ​ភាគ​ច្រើន​ គឺ​បិទ​ដោយ​ចុច​ប៊ូតុង​ថាមពល(power button)​ឲ្យ​ជាប់​ហើយ​មើល​ទៅ? អ្នក​​​ដឹង​ទេ​ថា​ ​កុំព្យូទ័រ​មិន​មែន​​គាំង ហើយ​រលត់​ភ្លាម​ៗ ដោយ​គ្មាន​មូលហេតុ​នោះ​ទេ គឺ​វា​មាន​មូលហេតុ​ច្រើន​នៅ​ពី​ក្រោយ​រឿង​នេះ។ ផ្ទាំង​ខៀវ​ដែល​អ្នក​ឃើញ​​នោះ​មាន​ឈ្មោះ​ថា ផ្ទាំង​ខៀវ​មរណៈ ឬ Blue Screen of Death។

ពេល​កុំព្យូទ័រ​គាំង វា​អាច​លេច​ចេញ​ផ្ទាំង​តូច​មួយ​ដែល​មាន​សរសេរ​ថា Fatal error: the system has become unstable or is busy នេះ​មាន​ន័យ​ថា​ម៉ាស៊ីន​កុំព្យូទ័រ​របស់​អ្នក​កំពុង​ដំណើរ​ការណ៍​ខ្លាំង​ ជ្រុល​ពេក​ដែល​មិន​អាច​ឆ្លើយ​តប​នឹង​ការ​បញ្ជា​របស់​អ្នក​បាន។ បើ​ជួបបញ្ហា​នេះ អ្នក​ប្រហែល​ជា​ចុច​ Control+Alt+Delete ដើម្បី​ចាប់​ផ្តើម​កុំព្យូទ័រ​ជា​ថ្មី ប៉ុន្តែ​ការ​ធ្វើ​បែប​នេះ នឹង​ធ្វើ​ឲ្យ​បាត់បង់​ឯកសារ​ដែល​កំពុង​ដំណើរ​ការណ៍។

អីចឹង​តោះ​យើង​ទៅ​មើល​ទាំង​អស់​គ្នា ចាំ​មើល​កុំព្យូទ័រ​គាំ​ដោយ​សារ​អី និង​គួរ​ដោះ​ស្រាយ​វា​បែប​ណា!
ខាង​ក្រោម​នេះ គឺ​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​កុំព្យូទ័រ​គាំង៖

១-បញ្ហា​ផ្នែក​រឹង ៖ នៅ​ក្នុង​ម៉ាស៊ីន​កុំព្យូទ័រ​មួយ​គ្រឿង​តែង​មាន​ផ្នែក​រឹង​ជា​ច្រើន​ដូច​ជា ម៉ាស៊ីន​ព្រីន​ Mouse, Flash Drive ជា​ដើម ហើយ​ Windows តែង​កំណត់​លេខ​រៀង (IRQ) ឲ្យ​​ផ្នែក​រឹង​ផ្សេង​ៗ​គ្នា។​ បើ​កាល​ណា​លេខ​រៀង​លើ​ផ្នែក​រឹង​នេះ ជាន់​គ្នា​វា​នឹង​បណ្ដាល​ឲ្យ​កុំព្យូទ័រ​គាំង។ ដើម្បី​ចង់​ដឹង​ថា​វា​មាន​បញ្ហា​នេះ​ឬ​ក៏​អត់ អ្នក​ត្រូវ​ចូល​ទៅ​ Device Manager ដោយ​ចុច​ Start=>Setting=>Control Panel=>System=>Device Manager រួច​មើល​លើ​បញ្ជី​ឈ្មោះ​របស់​វា ថា​តើ​មាន​សញ្ញា​ឧទាន​លើ​ឈ្មោះ​មួយ​ណា​ឬ​ក៏​អត់។ បើ​មាន​ត្រូវ​​លប់​ ឬ uninstall វា​ចេញ រួច​ដំឡើង​វា​ជា​ថ្មី។

២-បញ្ហា Ram Memory៖ អ្នក​អាច​ Upgrade Ram កុំព្យូទ័រ​របស់​អ្នក​បាន តែ​ត្រូវ​ប្រយ័ត្ន​ព្រោះ​ពេល​ខ្លះ​អ្នក​អាច​ជ្រើសរើស​ Ram ពីរ​ប្រភេទ​​ខុស​គ្នា​មក​ដាក់​ជា​មួយ​គ្នា ឬ​ Ram ដែល​អ្នក​ដាក់​មិន​ត្រូវ​ជា​មួយ​Motherboard ដែល​នឹង​បណ្ដាល​ឲ្យ​កុំព្យូទ័រ​គាំង ដោយ​ចេញ​ផ្ទាំង Fatal Error។ បើ​អ្នក​មាន​ជំនាញ​ខ្លាំង អ្នក​អាច​​​​ចូល​ទៅ​ជួសជុល​ក្នុង Bios រួច​កំណត់ Wait State របស់​ Ram ឬ​អ្នក​អាច​រក​ Ram ថ្មី​មក​ជំនួស​វិញ។

៣-បញ្ហា Hard Disk Drive៖ បន្ទាប់​ពី​ប្រើ​កុំព្យូទ័រ​អស់​រយៈ​ពេល​មួយ​ អាច​ពីរ បី​ខែ ឬ ដល់​មួយ​ឆ្នាំ​ Hard Disk របស់​វា​នឹង​មាន​ភាព​រញ៉េរញ៉ៃ​ឬ​ពាក្យ​បច្ចេកទេស​កុំព្យូទ័រ​ហៅ​ថា Fragmented និង​បណ្ដាល​ឲ្យ​មាន​ Temporary Files ច្រើន។ ប្រការ​នេះ​យូរ​ៗ ទៅ​វា​នឹង​ធ្វើ​ឲ្យ​កុំព្យូទ័រ​ដើរ​យឺត ហើយ​អាច​គាំង​នៅ​ពេល​ណា​មួយ​មិន​ខាន។ ដូច​នេះ អ្នក​អាច​ដោះស្រាយ​បញ្ហា​នេះ​ដោយ Defragment Hard Disk ឲ្យ​បាន​ញឹកញាប់ និង​លប់​ឯកសារ​ដែល​មិន​ចាំបាច់​ក្នុង​ Drive Windows ចោល។

៤-បញ្ហា​ Video Card៖ បើ​សិន​អ្នក​ឃើញ​ផ្ទាំង​ចេញ​សរសេរ​ថា Fatal OE exceptions and VXD errors នេះ​មាន​ន័យ​ថា​កុំព្យូទ័រ​អ្នក​មាន​បញ្ហា​ជាមួយ Video Card ហើយ។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ អ្នក​ត្រូវ​បន្ថយ​ Video Display Resolution ដោយ​ចុច​លើ​ Control Panel=> Display Setting។ រួច​ជ្រើស​រើស Screen Resolution ដែល​សាក​សម​សម្រាប់​កុំព្យូទ័រ​អ្នក ហើយ​ប្តូរ​លេខ​ទៅ​ជា 16bit ឬ​កំណត់​ឲ្យ​សម​ខ្លួន​ឯង។

៥-មេរោគ៖ កុំព្យូទ័រ​គាំង​ភាគ​ច្រើន​គឺ​បណ្ដាល​មក​ពី​ការ​ឆ្លង​មេរោគ។ ដើម្បី​ដោះ​ស្រាយ​អ្នក​គួរ​បើក Firewall និង​ដំឡើង​កម្មវិធី​កម្ចាត់​មេរោគ​ដើម្បី​ការពារ។ ចំពោះ​កម្មវិធី​កម្ចាត់​មេរោគ​អ្នក​អាច​ជ្រើស​រើស​ដោយ​ខ្លួន​ឯង តែ​អ្វី​ដែល​សំខាន់​ត្រូវ Update វា​ឲ្យ​បាន​ញឹក​ញាប់​ដើម្បី​ការ​ពារ​ការ​ឆ្លង​មេរោគ។ ត្រូវ​ចង​ចាំ​ថា ទោះ​កម្មវិធី​កម្ចាត់​មេរោគ​មាន License ក៏ដោយ​ ក៏​ត្រូវ​ Update ដែរ​ ព្រោះ​មេរោគ​ចេះ​តែ​វិវត្ត​រៀងរាល់​ថ្ងៃ​ដោយ​សារ​មនុស្ស​បង្កើត។

៦-ម៉ាស៊ីន​ព្រីន៖ ពេល​ខ្លះ​បន្ទាប់​ពី​អ្នក​ដំឡើង​ម៉ាស៊ីន​ព្រីន​ហើយ ធ្វើ​ឲ្យ​កុំព្យូទ័រ​គាំង។ នេះ​បណ្ដាល​មក​ពី​ Driver របស់​ម៉ាស៊ីន​ព្រីន​មិន​ត្រូវ​ជា​មួយ​កំណែ​ប្រែ​ Windows របស់​អ្នក។ ឧទាហរណ៍​អ្នក​ចង់​ប្រើ​ម៉ាស៊ីន​ព្រីន​ដែល​មាន​ Driver សម្រាប់​តែ Windows XP មក​ដាក់​ឲ្យ Windows 7 នោះ​វា​អាច​ធ្វើ​ឲ្យ​កុំព្យូទ័រ​គាំង​នៅ​ពេល​បើក​វា​ជា​ថ្មី ហើយ​អ្នក​នឹង​ឃើញ​ផ្ទាំង​ខៀវ​ដែល​មាន​សរសេរ​នៅ​ខាង​ក្រោម​ថា Driver Error។ ដើម្បី​ដោះ​ស្រាយ​ អ្នក​ត្រូវ​ចូល​ទៅ​ក្នុង​ Safe mode ដោយ​ចុច​ F8 ក្នុង​ករណី​វា​មិន​បង្ហាញ​ រួច​ចាប់​ផ្តើម System Restore ទៅ​កាន់​កាល​បរិច្ឆេទ​ណា​មួយ ដែល​កុំព្យូទ័រ​មិន​ទាន់​មាន​បញ្ហា។

៧-កម្មវិធី៖ ចំពោះ​កម្មវិធី​មួយ​ចំនួន​ដែល​ដំឡើង​មិន​បាន​ត្រឹម​ត្រូវ ដូច​ជា​អ្នក​បញ្ឈប់​នៅ​ពាក់​កណ្ដាល​ អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​ដល់​កុំព្យូទ័រ​ទាំង​មូល​បាន។ កុំព្យូទ័រ​អាច​គាំ​នៅ​ពេល​អ្នក​ព្យាយាម​បើក​កម្មវិធី​ទាំង​នេះ ឬ​ជួនកាល​អ្នក​មិន​អាច​បើក​កុំព្យូទ័រ​បាន​តែ​ម្តង ដោយ​សារ​វា​បាន​ផ្លាស់​ប្តូរ​ Driver របស់​ Windows។ ដើម្បី​ដោះ​ស្រាយ​ អ្នក​គួរ​ប្រើ​កម្មវិធី​សម្អាត Registry ឬ​ក្នុង​ករណី​បើក​Windows មិន​បាន​ ត្រូវ​ចូល​ក្នុង​ Safe​ mode ដូច​ចំណុច​ទី៦ដែរ។

៨-កម្ដៅ៖ ការ​ឡើង​កម្ដៅ​ម៉ាស៊ីន​កុំព្យូទ័រ​ខ្ពស់​ពេក ក៏​បណ្ដាល​ឲ្យ​កុំព្យូទ័រ​គាំ​ងដែរ ដូច្នេះ​គួរ​ប្រើ​កុំព្យូទ័រ​ដោយ​ប្រុង​ប្រយ័ត្ន កុំ​ឲ្យ​វា​កើន​កម្ដៅ​ខ្លាំង​ពេក។ បើ​ក្ដៅ​ខ្លាំង​ពេក​ គួរ​បិទ​វា​ទុក​សិន។

៩-Power Supply៖ ចំពោះ​អ្នក​ប្រើ​កុំព្យូទ័រ​លើ​តុ គួរ​ប្រើ UPS ដើម្បី​ជួយ​ផ្គត់ផ្គង់​ភ្លើង​ឲ្យ Power Supply កុំព្យូទ័រ​របស់​អ្នក។ ការ​ធ្វើ​បែប​នេះ ក៏​អាច​ជួយ​កាត់​បន្ថយ​បញ្ហា​កុំព្យូទ័រ​គាំង​ដែរ៕

ប្រភព៖ http://news.sabay.com.kh/articles/132146